Thursday, September 4, 2008
សិគាលោវាទសូត្រ
ផ្ទៃរឿង
ដូចដែលខ្ញុំបានស្តាប់មកហើយយ៉ាងនេះ
ថ្ងៃមួយនោះ ព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់កំពុងគង់ប្រថាប់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ក្បែក្រុង រាជគ្រឹះ ។
ពេលនោះ យុវជនមួយរូបឈ្មោះសិគាលៈជាបុត្រនៃគ្រួសារមួយ តែងភ្ញាក់ពីព្រលឹម ហើយចេញដើរទៅក្នុង ក្រុងរាជគ្រឹះដោយមានសក់និងសំលៀកបំពាក់ទទឹកជោក លើកដៃទាំងពីរប្រណម្យឡើងថ្វាយបង្គំទិសទាំង ៦គឺ ទិសខាងកើត ខាងត្បូង ខាងលិច ខាងជើង ខាងក្រោម និងខាងលើ។នៅព្រឹកថ្ងៃនោះព្រះបរមគ្រូទ្រង់យាង ទៅបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ។ ព្រះអង្គបានទតឃើញសិគាលៈកំពុងថ្វាយបង្គំទិសដូច្នេះ ទ្រង់បានមានព្រះតម្រាស់ សួរថាៈ
ម្នាលយុវជន, ហេតុអ្វីបានជាអ្នកក្រោកពីព្រលឹម ហើយធ្វើដំណើរចេញមកក្រុងរាជគ្រឹះ មានសក់ និង សំលៀកបំពាក់ទទឹកជោក ហើយថ្វាយបង្គំទិសដូច្នេះ?
បពិត្រព្រះអង្គដ៏ចំរើន ឳពុកខ្ញុំព្រះអង្គ មុនពេលគាត់អនិច្ចកម្ម បាននិយាយប្រាប់ខ្ញុំព្រះអង្គថាៈ ម្នាលកូនប្រុស ឯងគប្បីថ្វាយបង្គំទិសទាំង ៦។ដោយគោរពតាមបណ្តាំឳពុកខ្ញុំព្រះអង្គនោះ ទើបខ្ញុំព្រះអង្គក្រោកពីព្រលឹមចេញ មកកាន់ក្រុងរាជគ្រឹះ ថ្វាយបង្គំទិសទាំងឡាយ។
ម្នាលយុវជន, ក្នុងសាសនាតថាគត គេមិនថ្វាយបង្គំទិសទាំង ៦បែបនេះទេ។
បពិត្រព្រះអង្គដ៏ចំរើន ក្នុងសាសនាព្រះអង្គនេះ តើគេថ្វាយបង្គំទិសទាំង ៦ ដូចម្តេចវិញ? សូមព្រះអង្គមេត្តា សំដែងប្រាប់ខ្ញុំព្រះអង្គផង ។
បើដូច្នេះ យុវជន ចូរអ្នកប្រឹងស្តាប់ឲ្យមែនទែន តថាគតនឹងសំដែងប្រាប់ៈ ម្នាលយុវជន! សាវ័កតថាគតបានវៀរចាកមិច្ឆាជីវៈ ៤ យ៉ាងអស់មួយជីវិត មិនធ្វើនូវអំពើបាបដែលកើតមកអំពីអគតិ ៤ យ៉ាង អស់មួយជីវិតមិនប្រព្រឹត្ត អបាយមុខ ៦ យ៉ាង ដែលនាំឲ្យហិនហោចអស់ទ្រព្យសម្បត្តិ អស់មួយជីវិត ។ សាវ័កតថាគត ដែលបានលះបង់នូវអំពើ អាក្រក់ ១៤ យ៉ាងនេះឈ្មោះថា ជាអ្នកគោរពនូវទិសទាំង ៦ ។
ក) ដូចម្តេចហៅថា មិច្ឆាជីវៈ? = ការមិនសំលាប់សត្វ, ការមិនលួចទ្រព្យគេ, ការមិនប្រព្រឹត្តខុសក្នុងកាម គឺខុសនឹងគន្លងធម៌លើបុ្រត ភរិយាអ្នកដទៃ, និងការមិនពោលពាក្យកុហក ។
ខ) ដូចម្តេចហៅថា ធ្វើអំពើបាបបណ្តាលមកពីអគតិ ៤ យ៉ាង? គឺអំពើបានដែលកើតមកពីការស្រលាញ់រាប់អាន (ឆន្ទាគតិ), ការខឹងក្រោធ ស្អប់ (ទោសាគតិ), ការល្ងង់ខ្លៅ (មោហាគតិ), និងការភ័យខ្លាច (ភយាគតិ) ។
គ) ដូចម្តេចខ្លះហៅថា អបាយមុខ ៦ យ់ាង? = ការប្រព្រឹត្តល្បែងស្រាជានិច្ច, ការដើរលេងតាមទីច្រកល្ហកខុស កាលវេលា, ការប្រព្រឹត្តល្បែងស្រី, ការប្រព្រឹត្តល្បែងភ្នាល់គ្នា, ការសេពគប់មិត្តអាក្រក់ និងការខ្ជិលច្រអូស។
= ការប្រព្រឹត្តល្បែងស្រា រមែងមានទោស ៦ យ៉ាងៈ ១. ហិនហោចទ្រព្យសម្បត្តិដែលមានហើយ, ២. បង្កើតការ ឈ្លោះវិវាទ, ៣. នាំឲ្យមានកើតរោគបានដោយងាយ, ៤. ខូចចរិយាសណ្តាប់ធ្នាប់, ៥. មិនមានការអៀនខ្មាស់ក្នុងការ លែងខ្លួន, ៦. នាំឲ្យខ្សោយប្រាជ្ញា ។
= ការដើរលេងខុសពេលវេលា មានទោស ៦ យ៉ាងៈ ១. នាំឲ្យមានអសន្តិសុខដល់ខ្លួន, ២. នាំឲ្យមានអសន្តិសុខ ដល់បុត្រភរិយា, ៣. នាំឲ្យមានអសន្តិសុខដល់ទ្រព្យសម្បត្តិ, ៤. នាំឲ្យគេសង្ស័យថាជាមនុស្សប្រព្រឹត្តចោរកម្មជាដើម, ៥. ការចោទប្រកាន់ខុសបែបបទ អាចធ្លាក់មកលើខ្លួន, ៦. នឹងមានគ្រោះថ្នាក់ដទៃទៀតជាច្រើនដែលត្រូវជួបប្រទះ ។
= ការប្រព្រឹត្តល្បែងស្រី មានទោស ៦ យ៉ាងៈ ១. នាំឲ្យគិតតែដើររករោងរាំ, ២. នាំឲ្យគិតតែដើររករោងចម្រៀង, ៣. នាំឲ្យគិតតែដើររករោងតន្ត្រី, ៤. នាំឲ្យគិតតែដើររករោងល្ខោន, ៥. នាំឲ្យគិតតែដើររករោងល្បែងឆាបឃ្មោះ, ៦. នាំឲ្យគិតតែដើររករោងល្បែងស្គរ ឆៃយ៉ាំ ។
= ការប្រព្រឹត្តល្បែងភ្នាល់ មានទោស ៦ យ៉ាងៈ ១. អ្នកឈ្នះតែងព្រួយបារម្ភចំពោះគំនុំចិត្តអ្នកចាញ់, ២. អ្នកចាញ់ នឹងស្តាយទ្រព្យរបស់ខ្លួនដែលចាញ់ទៅនោះ, ៣. ទ្រព្យសម្បត្តិដែលធ្លាប់មានមកហើយនោះ នឹងវិនាសបាត់បង់ទៅវិញ, ៤. ពាក្យសំដីគ្មានតំលៃនៅក្នុងតុលាការ, ៥. ត្រូវមិត្តភក្តិ និងអ្នករាជការមើលងាយមើលថោក, ៦. មិនមាននរណាម្នាក់ ចង់ទាក់ទងអោយកូនចៅមានគូរស្រករជាមួយ ព្រោះគេនិយាយថា មនុស្សល្បែងមិនអាចចិញ្ចឹមភរិយាខ្លួនបានឡើយ។
= ការគប់បាបមិត្ត មានទោស ៦ យ៉ាងៈ ១. អាចក្លាយទៅជាអ្នកល្បែង, ២. អាចក្លាយជាអ្នកលេងស្រី, ៣. អាច ក្លាយជាអ្នកប្រមឹក, ៤. អាចក្លាយជាអ្នកឆបោក, ៥. អាចក្លាយជាអ្នកលួចប្លន់, ៦. ជាមនុស្សមានមិត្តភក្តិច្រើនតែជា មនុស្សកំណាច ។
= មនុស្សទម្លាប់ខ្លួនអោយខ្ជិលច្រអូស មានទោស ៦ យ៉ាងៈ មនុស្សនោះតែងនិយាយថាៈ ត្រជាក់ពេកធ្វើការមិន កើត, ក្តៅពេកធ្វើការមិនកើត, ព្រឹកពេកធ្វើការមិនកើត, យប់ពេកធ្វើការមិនកើត, ឃ្លានពេកធ្វើការមិនកើត, ឆ្អែតពេក ធ្វើការមិនកើត ។ ម្លោះហើយកិច្ចការដែលត្រូវធ្វើប៉ុន្មានឥតបានធ្វើទាំងអស់ ។ ទ្រព្យសម្បត្តិថ្មីៗគ្មានចូល ហើយទ្រព្យ សម្បត្តិដែលបានរកមកហើយ ត្រូវចាយវាយអស់ ។
= មិត្តមិនគួរសេពគប់ ៤ ពួកៈ
ក) មិត្តល្មោភប្រាក់កាសៈ ចាយបន្តិចបន្តួចតែសំលឹងយកប្រយោជន៍ច្រើន, ធ្វើការអ្វីដោយសារសេចក្តីខ្លាច និងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ។
ខ) មិត្តបានតែមាត់ៈ ដល់ពេលមានកិច្ចការពឹងពាក់ម្តងម្កាល ដោះដៃថាយ៉ាងនេះយ៉ាងនោះ ។
គ) មិត្តចាក់បណ្តោយៈ យល់ស្របទាំងអស់ក្នុងការធ្វើអាក្រក់ ហើយប្រឆាំងជានិច្ចក្នុងការធ្វើត្រូវ សរសើរយើងតែ នឹងមុខ និយាយដើមប្រាប់អ្នកដទៃពីក្រោយខ្នង ។
ឃ) មិត្តជួយបំផ្លាញៈ តាំងខ្លួនជាមិត្តរបស់យើងពេលណាយើងមានលុយស៊ីផឹក ពេលយើងដើរលេងខុសពេល តាមច្រកល្ហក ពេលយើងទៅមើលកុនល្ខោន ឬទៅដើរលេងស្រីឬក៏ក្នុងពេលដែលយើងកំពុងប្រព្រឹត្តល្បែងភ្នាល់ ។
= មិត្តគួរគប់រកមាន ៤ ពួកៈ
ក) មិត្តឧបត្ថម្ភៈ ជួយថែទាំយើងក្នុងពេលដែលយើងគ្មានអ្នកថែទាំ, ជួយថែរក្សាសម្បត្តិយើងក្នុងពេលយើងមិន នៅ, ជាពំនឹងរបស់យើងក្នុងពេលដែលយើងមានភ័យ និងជួយរំលែកការងារដែលលំបាកៗ បើត្រូវការពឹងពាក់ ។
ខ) មិត្តរួមសុខរួមទុក្ខៈ ប្រាប់យើងនូវអាថ៌កំបាំងរបស់ខ្លួនគេ, បិទបាំងនូវអាថ៌កំបាំងរបស់យើង មិនបោះបង់យើងនៅពេលមានការលំបាកហ៊ានលះបង់សូម្បីជីវិតរបស់ខ្លួន ចំពោះជីវិតរបស់យើង ។
គ) មិត្តមគ្គុទេសក៍ៈ ហាមឃាត់យើងមិនអោយធ្វើអំពើខុស, រួបរួមជាមួយនឹងយើងក្នុងអំពើត្រូវ, ប្រាប់យើងនូវ រឿងរ៉ាវដែលយើងមិនដែលធ្លាប់បានឮ, បង្ហាញយើងនូវផ្លួវទៅរកសេចក្តីសុខ ។
ឃ) សមានមិត្តៈ មិនត្រេកអរចំពោះគ្រោះថ្នាក់របស់យើង, រីករាយចំពោះការចំរុងចំរើនរបស់យើង, ហាមឃាត់ នរណាមួយដែលនិយាយអាក្រក់អំពីយើង, សរសើរបុគ្គលណាដែលនិយាយល្អពីយើង ។
ម្នាលយុវជន, មាតាបិតាទុកជាទិសខាងកើត, គ្រូបង្រៀនជាទិសខាងត្បូង, ភរិយានិងបុត្រធិតាទុកជាទិសខាងលិច, មិត្តសំលាញ់ទុកជាទិសខាងជើង, អ្នកបំរើនិងកម្មករ ជាទិសខាងក្រោម, គ្រូឧបជ្ឈាយ៍និងព្រាហ្មណ៍ជាទិសខាងលើ ។
= កូនគប្បីសង្គ្រោះមាតាបិតាដោយន័យ ៥ យ៉ាងៈ
១. ត្រូវតែទំនុកបំរុងលោកវិញ ព្រោះលោកបានទំនុកបំរុងខ្លួនពីមុនមក,
២. ត្រូវតែជួយធ្វើការ សំរាលភារៈរបស់លោក,
៣. ត្រូវតែរក្សាទុកនូវវង្សត្រកូល និងប្រពៃណីរបស់គ្រួសារ,
៤. ត្រូវតែធ្វើខ្លួនអោយសមគួរ ល្មមជាអ្នកទទួលនូវកេមរតក,
៥. ពេលលោកធ្វើមរណកាលទៅ ធ្វើបុណ្យទានឧទ្ទិសកុសលជូនលោក,
= ក្នុងន័យដូចគ្នា, មាតាបិតាគប្បីសង្គ្រោះបុត្រធីតា ដោយន័យ ៥ យ៉ាងៈ
១. ហាមឃាត់កូនមិនឲ្យធ្វើអំពើអាក្រក់,
២. ណែនាំកូនឲ្យធ្វើតែអំពើល្អ,
៣. អប់រំកូនឲ្យមានការងារមុខរបរសមរម្យ,
៤. រៀបចំអពាហ៍ពិពាហ៍ឲ្យកូន,
៥. ប្រគល់កេរមរតក តាមការគួរ,
= សិស្សត្រូវឧបត្ថម្ភគ្រូដោយន័យ ៥ យ៉ាងៈ
១. ដោយការក្រោកទទួល,
២. ធ្វើគារវកិច្ច,
៣. ចាំបំរើគ្រូ,
៤. យកចិត្តទុកដាក់ក្នុងការរៀនសូត្រ,
៥. ចាត់ចែងទឹកក្តៅ ទឹកត្រជាក់ គក់ច្របាច់,
= គ្រូគប្បីសង្គ្រោះសិស្សដោយន័យ ៥ យ៉ាងៈ
១. ប្រៀនប្រដៅសិស្សដោយល្អ,
២. បង្រៀនសិស្សដោយល្អ,
៣. បង្រៀនសិស្សគ្រប់មុខវិជ្ជាដែលខ្លួនចេះ,
៤. ប្រកាសគុណសម្បត្តិរបស់សិស្សក្នុងកណ្តាលទីប្រជុំ,
៥. រក្សាការពារសិស្សគ្រប់មធ្យោបាយទាំងអស់,
= ស្វាមីគប្បីសង្គ្រោះភរិយាដោយន័យ ៥ យ៉ាងៈ
១. ស្រលាញ់រាប់អានដ៏ស្មោះ
២. ពោលពាក្យទន់ភ្លន់ មិនមើលងាយមើលថោក
៣. មិនក្បត់ចិត្តភរិយា
៤. ប្រគល់តំណែងជាស្រីមេផ្ទះពេញលក្ខណៈ
៥. ផ្តល់គ្រឿងអលង្ការផ្សេងៗ តាមការគួរ
= ភរិយាគប្បីសង្គ្រោះស្វាមី ដោយន័យ ៥ យ៉ាងៈ
១. ចាត់ចែងធ្វើការគ្រប់យ៉ាងដោយផ្ចិតផ្ចង់,
២. រាប់អានញាតិខាងស្វាមី និងញាតិខាងខ្លួនដោយស្មោះស្មើ,
៣. ថែរក្សាទ្រព្យសម្បត្តិដែលស្វាមីរកមក ទុកឲ្យគង់វង្ស,
៤. មិនក្បត់ចិត្តស្វាមី,
៥. ប៉ិនប្រសប់និងប្រឹងប្រែងជានិច្ចធ្វើការគ្រប់យាងរបស់ខ្លួន,
= នាយចៅហ្វាយ គប្បីសង្គ្រោះកម្មករ ដោយន័យ ៥ យ៉ាងៈ
១. តម្រូវឲ្យធ្វើការងារតាមសមគួរដល់កម្លា,
២. ផ្តល់អាហារនិងតម្លៃឈ្នួលតាមគួរ,
៣. ជួយព្យាបាលក្នុងគ្រាមានជម្ងឺ,
៤. ចែករំលែកនូវវត្ថុចំលែក,
៥. អនុញ្ញាតច្បាប់សំរាក តាមការគួរ។
= កម្មករ គប្បីសង្គ្រោះចៅហ្វាយនាយ ដោយន័យ ៥ យ៉ាងៈ
១. ក្រោកពីដេកមុននាយចៅហ្វាយ,
២. ប្រកបការងារមុនចៅហ្វាយនាយ,
៣. រីករាយទទួលតែវត្ថុអ្វីដែលចៅហ្វាយអោយ,
៤. ធ្វើការរបស់ខ្លួនដោយយកចិត្តទុកដាក់,
៥. និយាយសរសើរកិត្តិគុណរបស់ចៅហ្វាយក្នុងទីទាំងពួង,
សិគាលោវាទសូត្រនេះ មាននៅក្នុងគម្ពីរទីឃនិកាយ ជាសូត្រខ្លីៗតែងាយយល់ ជាសូត្រស្តីពីការរស់នៅដ៏ប្រសើរនៅក្នុងសង្គមមនុស្ស ។ សូត្រនេះមានន័យនិងគុណប្រសើរវិសេសសំរាប់មនុស្សទូទៅ ហើយអាចយកអនុវត្តបានគ្រប់ កាលៈទេសៈទាំងអស់ ។ ប្រពៃណីនិងការរស់នៅរបស់មនុស្សតែងប្រែប្រួលពីសតវត្សមួយទៅសតវត្សមួយ តែគោលធម៌ សំខាន់ៗនៃចរិយាត្រូវនិងខុសពុំប្រែប្រួលឡើយ ។ ឱវាទដ៏ប្រសើរនេះ នៅតែមានសេចក្តីពិតរស់រវើកគ្រប់ពេលវេលាទាំង អស់ចំពោះមនុស្សទូទៅ ។ សិគាលោវាទសូត្រនេះទាក់ទងនឹងសង្គមមនុស្សទាំងស្រុង ។
ព្រះឱវាទរបស់ព្រះអង្គក្នុងសូត្រនេះ ងាយស្តាប់ងាយយល់ ហើយមានភាពពិតឥតល្អៀងផង ពីទិដ្ឋភាពគ្រប់យ៉ាង នៃជីវិតប្រចាំថ្ងៃរបស់មនុស្សទូទៅ ។ ត្រង់នេះបញ្ជាក់ឲ្យឃើញថាព្រះពុទ្ធព្រះអង្គស្គាល់ច្បាស់នូវជីវិត របស់មនុស្ស, ជាអ្នក ប្រាកដនិយម មានព្រះទ័យពោរពេញដោយមេត្តា និងករុណា ជាកល្យាណមិត្តរបស់មនុស្សទាំងអស់ ។
បញ្ហាគ្រប់យ៉ាងនៃមនុស្សលោក អាចរលុបរលាយសាបសូន្យទៅបានប្រសិនបើពិភពលោកសិក្សាក្នុងសូត្រនេះ ហើយប្រតិបត្តិតាមដោយម៉ត់ចត់ ។សិគាលោវាទសូត្រនេះជាធម៌សំរាប់ដោះស្រាយបញ្ហាសង្គម បញ្ហាសេដ្ឋកិច្ច និង បញ្ហាសីលធម៌ ។ សិគាលោវាទសូត្រនេះប្រសើរដាច់គេក្នុងចំណោមវណ្ណកម្មផ្សេងៗខាងសាសនា ក្នុងពិភពលោក ។ សូត្រនេះគ្មានលាយឡំនឹងទិដ្ឋិ (ជំនឿផ្សេង) ឬបរមត្ថវិជ្ជាអាថ៌កំបាំងឡើយ ព្រោះឱវាទក្នុងសូត្រនេះ មានន័យភ្លឺច្បាស់លាស់បំផុត ប្រៀបដូចជាដុំត្បូងដែលគេបានច្នៃហើយយ៉ាងបរិសុទ្ធ ។ សូត្រនេះ ជាពុទ្ធវចនៈផ្ទាល់ដែលព្រះអង្គបាន សំដែងប្រាប់ដល់មនុស្សក្នុងពិភពលោកទាំងមូល៕
(ប្រមូលរៀបរៀងដោយ ម៉ែន ប្រាង, អាំ ឆន, ពិនិត្យនិងកែសំរួលដោយ ឱម ខែម)
source: saloeurm.com